ទោះ​ត្រូវ​ចំណាយ​ខ្ពស់ កម្ពុជា​ត្រូវ​តែ​អភិវឌ្ឍ​ផ្កាយ​រណប​ឲ្យ​ខាន​តែ​បាន​

គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​​ផ្កាយ​រណប​​របស់ប្រទេស​​កម្ពុជា​បាន​ចាប់ផ្តើម​លេច​ចេញ​ពន្លឺ ដែល​គម្រោង​នេះ​ត្រូវ​ការ​ចំណាយ​ខ្ពស់។ ទោះបី​ត្រូវ​រ៉ាប់រង​ចំណាយ​កប់​ក្តោង​ ពលរដ្ឋ​ជា​ច្រើន​​គាំទ្រ​​គម្រោង​នេះ ដើម្បី​បញ្ជាក់​ពីស្វ័យ​ភាព​និងការ​ត្រៀម​​​ប្រកួត​ប្រជែង​​ប្រទេស​ក្នុង​តំបន់​។

លោក ឆុន វាសនា អនុប្រធាន​នាយកដ្ឋាន​បច្ចេកទេស វិទ្យុ​ជាតិ​កម្ពុជា​ទទួលបន្ទុក​ផ្នែក ICT នៃ​ក្រសួង​ព័ត៌មាន​ប្រាប់ Sabay ថា​ គម្រោង​បង្ហោះ​ផ្កាយ​រណប​​ ជា​ការ​បោះ​ជំហាន​​ថ្មី​មួយ​ទៀត​របស់ប្រទេស​កម្ពុជា ​ដើម្បី​បញ្ជាក់​ពី​ស្វ័យភាព​​និង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់។ លោក​ថា វា​ជា​មុខមាត់ ដែល​​កម្ពុជា​ចាប់ផ្តើម​គួរ​គិត​គូរ​​ពី​ការអភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​ ដែល​នឹង​ជួយ​បម្រើប្រយោជន៍​ជាតិ​ជា​ច្រើន​ បើ​សិន​គម្រោង​នេះ​ទទួល​បានជោគជ័យ។ លោក ស៊ុន រ៉ាពីដ អនុប្រធាន​វិទ្យា​ស្ថាន​ជាតិ NIPTICT នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ផ្តល់​ការ​យល់ឃើញ​ដែរ​ថា ការអភិវឌ្ឍ​គម្រោងនេះ នឹង​ជួយ​ពលរដ្ឋ​រស់នៅ​​តំបន់​ដាច់​ស្រយាល​ ទទួល​បាន​ព័ត៌មាន​កាន់​តែ​ឆាប់​រហ័ស​ ពង្រីក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កាន់​តែ​ទូលំទូលាយ ប្រព័ន្ធ​ទូរសព្ទ​ចល័ត​ និង​បង្កើន​ទំនាក់​ទំនង​បាន​ពេញ​លេញ។ លោក​ថា​ បច្ចុប្បន្ន​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​មាន​ច្រើន​ជាង ៦០%។ នៅ​ពេល​គម្រោង​នេះ​ដំណើរការ នឹង​ជួយ​អភិវឌ្ឍ​​ស្ទើរ​តែ​គ្រប់​ផ្នែក​ជាពិសេស​ផ្នែក​​​​សុខាភិបាល គ្រោះ​មហន្តរាយ​ផ្សេងៗ​ជាដើម។ មិន​ខុស​គ្នា​នេះ​ លោក​ យិន ស៊ីដេត សាស្ត្រាចារ្យ​ផ្នែក IT និង​ជំនាញ​ជួស​ជុល​បង្រៀន​នៅ​វិទ្យា​ស្ថាន ស៊ីតិច បាន​ប្រាប់​ថា ទោះ​បី​ជា​​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ លោក​គាំទ្រ​ដែលកម្ពុជា​ចាប់ផ្តើម​អភិវឌ្ឍ​ប្រព័ន្ធ​ផ្កាយ​រណប​ផ្ទាល់​ខ្លួន។ លោក​ថា ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​ បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​​ផ្កាយរណប​នេះ​មុនមួយ​ជំហាន​ ប៉ុន្តែ​វា​មិនទាន់ហួស​ពេល​ដែលកម្ពុជា​នឹង​ចាប់ផ្តើម​ដើម្បីអាច​ម្ចាស់ការ​ខ្លួន​ឯង។ ងាក​មក​​ពលរដ្ឋ​មួយ​រូប ក៏​គាំទ្រ​ទោះ​បី​ជា​ត្រូវការ​ចំណាយ​ច្រើន​។ ជា​គ្រូ​បង្រៀន​ដែរ​នោះ​ លោក​ថា គម្រោងនេះ​វា​ពិត​ជា​​​នាំ​ប្រយោជន៍​មិនអាច​គណនា​បាន ក៏​ដូចជា​ការ​​នាំប្រយោជន៍​ កេរ្តិ៍ឈ្មោះ​មុខមាត់​​ដល់​ប្រទេស​ជាតិ។ កម្ពុជា​បានឈានទៅ​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ សម្រាប់​ការ​បាញ់​បង្ហោះ​ផ្កាយរណបលើក​ដំបូង​នៅ​ពេល​ខាង​មុខ​នេះ។ គម្រោង​នេះ​ ​មាន​ការ​ចូលរួមពី​ដៃគូ​ឯកជន និង​ការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ចិន​ ដែល​មាន​បទ​ពិសោធ​ក្នុង​ការ​ធ្វើ​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ជា​មួយ​ប្រទេស​ឡាវ កាល​ពី​ឆ្នាំ ២០១៥។ ការប៉ាន់ស្មាន​បឋម គម្រោង​ការ​បង្ហោះ​ផ្កាយរណប​ដំបូង​របស់​កម្ពុជា ត្រូវការ​ថវិកា​ប្រមាណ​ ១៥០ លាន​ដុល្លារ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២១ ឬ​ឆ្នាំ ២០២២។ នេះ​បើ​​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) លោក អ៊ឹម វុត្ថា លើក​ឡើង​កន្លង​ទៅ៕

អត្ថបទ៖ ម៉េងងី

ប្រញាប់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក នឹង​អាច​ជួប​វិបត្តិ​៧​យ៉ាង

គូ​ស្នេហ៍​មួយ​ចំនួន​ចង់​រៀបការ​ភ្លាមៗ​បន្ទាប់​ពី​ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន ដោយ​យល់​ថា​ការ​ចងចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​រឿង​សំខាន់​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ស្នេហា​របស់​ពួកគេ និង​គិត​ថា​ការ​ចាប់​ផ្ដើម​ជីវិត​គ្រួសារ​លឿន នឹង​ជួយ​ឲ្យ​ពួកគេ​ឈាន​ដល់​ជីវិត​ឯករាជ្យ​លឿន​ដូច​គ្នា។ ទោះ​បី​ជា​ការ​រៀបការ​នៅ​វ័យ​ក្មេង​មាន​គុណ​សម្បត្តិ​មួយ​ចំនួន​ តែ​វា​ក៏​មាន​បញ្ហា​ជា​ច្រើន​ដែល​នឹង​ត្រូវ​ប្រឈម​មុខ​ដូច​ជា៖

១.ទំនួល​ខុស​ត្រូវ​ក្នុង​វ័យ​ក្មេង៖​​​​​ ជីវិត​ប្ដី​ប្រពន្ធ មិន​មែន​មាន​តែ​ពេល​ផ្អែម​ល្ហែម សប្បាយ​ៗ​ដូច​ជីវិត​ជា​សង្សារ​ឡើយ។ ពួក​គេ​ត្រូវ​មើល​ថែ​គ្រួសារ ទុក​ដាក់​ផ្ទះ​សំបែង​ បីបាច់​កូន​ចៅ​ដោយ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​បើ​ជីវិត​ពួក​គេ​មិន​ទាន់​មាន​លំនឹង និង​មិន​រឹង​មាំ​គ្រប់គ្រាន់​វា​នឹង​ក្លាយ​ជា​បញ្ហា​ធំ។ ២.បាត់​បង់​អ្វី​ដែល​ជា​ភាព​រីករាយ​របស់​យុវវ័យ៖ ភាព​ច្របូកច្របល់​នៃ​ជីវិត​អាពាហ៍ពិពាហ៍​នឹង​ចាប់​ផ្ដើម ជីវិត​យុវវ័យ​របស់​ពួកគេ​នឹង​បាត់​ទៅ​ដំណាល​គ្នា​ដែរ។ ៣.ការ​មាន​ផ្ទៃពោះ​ក្នុង​វ័យក្មេង៖ មាន​កូន​នៅ​វ័យ​ក្មេង​ពេក​នឹងធ្វើ​​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​គ្រប់​រូប ជា​ពិសេស​បើ​ស្ត្រី​មិន​ទាន់​អស់​​ការ​លូតលាស់​នៅ​ឡើយ ការ​មាន​ផ្ទៃ​ពោះ​នឹង​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់។ ៤.ភាព​ប្រេះឆា​នៃ​ជីវិត​គូ​ងាយ​កើត​មាន​ឡើង៖ ដោយ​សារ​ពួក​គេ​នៅ​ចិត្ត​ក្ដៅ មិន​ទាន់​ចេះ​គិតគូរ​វែង​ឆ្ងាយ គូ​ស្វាមី​ភរិយា​វ័យ​ក្មេង​ភាគ​ច្រើន​មិន​មាន​ទំនួល​ខុសត្រូវ ឬ​ឈ្លោះ​ប្រកែក​គ្នា​រហូត​មិន​អាច​ទ្រាំ​នឹង​គ្នា​បាន។ ៥. ផល​ប៉ះពាល់​ចំពោះ​ការ​សិក្សា៖ ភាគ​ច្រើន គូ​ស្នេហ៍​វ័យ​ក្មេង​មិន​អាច​បន្ត​ការ​សិក្សា​ខ្ពស់​បាន​ទេ​ព្រោះ​ពួកគេ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ។ ៦.ឱកាស​ការងារ​តិចតួច៖ ដោយ​សារ​តែ​ការ​អប់រំ​របស់​ពួកគេ​មាន​កម្រិត​ពួក​គេ​មិន​អាច​ទទួល​បាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​នោះ​ទេ។ ៧.ជួប​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​កូន៖​ ចំណេះដឹង​របស់​ពួកគេ​អំពី​ការ​ថែ​ទាំ​កូន​អាច​មាន​កម្រិត​ ព្រម​ទាំង​មិន​មាន​ការ​ណែនាំ​គ្រប់គ្រាន់​ពី​មាតាបិតា ដូច្នេះ​ពួកគេ​មិន​អាច​មើល​ថែ​កូន​បាន​ល្អ​ទេ។ ការ​រៀប​​អាពាហ៍ពិពាហ៍​ឆាប់​ពេក​ មើល​ទៅ​រ៉ូមែនទិច និង​ងាយស្រួល​ប៉ុន្តែ​វា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ផង​ដែរ។ ដូច្នេះ​គូ​ស្វាមី​ភរិយា​ត្រូវការ​រយៈពេល​ស្គាល់​គ្នា​ឲ្យ​បាន​ច្បាស់​សិន​មុន​សម្រេច​ចិត្ត​រៀបការ​ជាមួយគ្នា។ ការ​ប្រញាប់ប្រញាល់​ឈាន​ជើង​ចូល​ក្នុង​អាពាហ៍ពិពាហ៍​មួយ​ដែល​នឹង​ត្រូវ​បញ្ចប់​ទៅ​វិញ​រហ័ស ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ​ដែល​គួរ​ធ្វើ​នោះ​ទេ ៕

ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co

ចេញ​គំរូ​រាង Galaxy Note 10 ល្មម​ឲ្យ Apple ក្អួត​ឈាម

ថ្វី​បើ​ក្រុមហ៊ុន SAMSUNG មិន​ទាន់​ប្រកាស​ចេញ​ម៉ូដែល Galaxy Note 9 ប៉ុន្តែ​អ្នក​រចនា​ល្បី​ឈ្មោះ Benjamin Geskin បាន​ចែក​រំលែក​រូបភាព​ថ្មី​ជុំវិញ Concept ម៉ូដែល Galaxy Note 10 លើ​គេហទំព័រ Twitter។​

ប្រសិន​ណា​បើ Note 9 បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ ២០១៨ ដូច​កាលបរិច្ឆេទ​ដដែល Note 10 នឹង​ចេញ​បន្ត​កន្ទុយ​គ្នា​នៅ​ឆ្នាំ​ ២០១៩។ ផ្អែក​តាម​ការ​រចនា​ វា​នឹង​មាន​អេក្រង់​ផ្ទៃ​ពេញ​កាន់​តែ​ធំ​ជាង​មុន ហើយ​ចម្លង​ម៉ូដ​ចេញ​ពី iPhone X ដែល​បន្សល់​ស្នាម​មួយ​ទុក​នៅ​ផ្នែក​កណ្ដាល សម្រាប់​ទុក​ដំណើរការ Speaker ខាង​មុខ។

ចំណែក​តួ​ក្រោយ​មាន​កាមេរ៉ា​ភ្លោះ​បញ្ឈរ​ដូច​គំរូ​រាង Galaxy S9+ ដែល​លេច​ចេញ​កន្លង​មក ប៉ុន្តែ​គ្មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ ទំនង​ជា​ប្រើ​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់​ដូច​ដែល VIVO ទើប​បង្ហាញ​ក៏​ថា​បាន។ កន្លង​ទៅ​ក្រុមហ៊ុន Qualcomm និង Synaptics បាន​ដុតដៃដុតជើង​​ក្នុង​ការ​ផលិត​បច្ចេកវិទ្យា​ពិសេស​នេះ ខណៈ Synaptics បាន​ចូល​រួម​សហការ​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ប្រទេស​ចិន។​

ប្រភព៖ gizmochina ប្រែ​សម្រួល៖ កៅ រក្សា

តិច​អត់​ដឹង Messenger Lite កម្មវិធី​ឆាត​អស់​លុយ​តិច​​កំពុង​ល្បី​ណាស់

កម្មវិធី Facebook Messenger Lite ដែល​ជា​កម្មវិធី​​ថ្មី​មួយ​ទៀត សម្រាប់​ការ​លេង​ឆាត​មាន​អ្នក​ដោនឡូត​ជាង១០០​លាន​នាក់ នៅ​លើ​​ Play Store។

Messenger Lite ជាកម្មវិធី​ឆាត​ប្រើ​ប្រាស់​កញ្ចប់​អ៊ីនធឺណិត​អស់​លុយ​តិច​​ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។ ទើប​ដាក់​ឲ្យ​ប្រើប្រាស់​​បាន​​​ជាង ១​ឆ្នាំ​ តែ​​កម្មវិធីនេះ​កំពុង​ល្បីខ្លាំង​មែន​ទែន​ មាន​អ្នក​ដោនឡូត​​យ៉ាង​គគ្រឹក​គគ្រេង​។ ទិន្នន័យ​នេះ​ត្រូវ​បាន​គេ​គិត​ទៅ​លើ​ការ​​ដោនឡូត​នៅ​លើ Play Store គ្រប់​ឧបករណ៍​ទាំង​អស់​។

របៀប​ប្រើ​ប្រាស់៖ Messenger Lite ​អ្នក​អាច​ប្រើប្រាស់​បាន​តែ​ ​សារ​ជា​អក្សរ​ ​Emoji​ ​និង​រូបភាព​​ប៉ុណ្ណោះ​ មិន​អាច​ប្រើប្រាស់​មុខងារ​ ​Multi-media (ប្រើ​សំឡេង​ ឬ​វីដេអូ​) ផ្សេងៗ​​ដែល​ត្រូវ​ចំណាយ​លុ​យ​អ៊ីនធើណិត​អស់​ច្រើន​ដូច​ Messenger ធម្មតា​​នោះ​ទេ​។ កម្មវិធី​នេះ​អាច​ប្រើប្រាស់​បាន​តែ​លើ​ទូរសព្ទ​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​ប៉ុណ្ណោះ​​ ក្រោយ​​ដំឡើង​​កម្មវិធី​ពី​ ​Play store​ ​រួច​​អ្នក​អាច​ ​Sign in ដូច​ Messenger ប៉ុន្តែ​សម្រាប់​លើ​ iOS មិន​ទាន់​មាន​នៅ​ឡើយ​ទេ៕ ចុច​ដោន​ឡូត​លើ Android

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រក្សា

ទូរសព្ទ​ដ៏​តូច​ច្រឡឹង​ Elari NanoPhone លក់​តាមហាង​តម្លៃ​ ៥០ ដុល្លារ

កន្លង​មក​ប្រិយមិត្ត​បាន​ស្គាល់​ទូរសព្ទ Zanco Tiny1 ដែល​ជា​ទូរសព្ទ​តូច​ជាងគេ​បំផុត​លើ​លោក​ទំហំ​ប៉ុន​មេដៃ​ប៉ុណ្ណោះ។ ដោយ​ឡែក​ថ្ងៃ​នេះ​ក្រុមការងារ​ណែនាំ​ទូរសព្ទ​ដ៏​តូច​ត្រឡឹង​មួយ​ទៀត​ម៉ូឌែល NanoPhone C របស់​ក្រុមហ៊ុន Elari។ កុំ​ឲ្យ​ខាតពេល​យូរ មក​មើល​ចំណុច​ពិសេសៗ​ដែល​មាន​នៅ​លើ​ទូរសព្ទដ៏​តូច​នេះ។ រូបរាង​ខាងក្រៅ

ទូរសព្ទ​តូច​នេះ មាន​រាង​ជ្រុង​ទ្រវែង ប៉ុន​ពីរ​ធ្នាប់​ដៃ​ប៉ុណ្ណោះ ប៉ុន្តែ​ស្រោប​ដោយ​ជ័រ​​​សុទ្ធ​ទាំង​មុខ-ក្រោយ មាន​គ្រាប់​ចុច ១៦ គ្រាប់​រៀប​ជា​លក្ខណៈ​ផ្ដេក​ស្រដៀង​គ្រាប់​ចុច Nokia 3310 ដែរ។ មាន​អេក្រង់​ទំហំ ១ អ៊ីញ ឯ​ផ្ទៃ Interface ដំបូង​បង្ហាញ​បាន​តែ​ម៉ោង សញ្ញា​រូប​ថ្ម បង្គោល​សេវា សញ្ញា Bluetooth ឬ​ភ្លេង​ចម្រៀង​តែ​ប៉ុណ្ណោះ។ ការ​ប្រើប្រាស់

អ្នក​អាច​ចុច​ដោះសោរ​នៅ​លើ NanoPhone C ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង OK+* ជា​ការ​ស្រេច ឯ​ប៊ូតុង​ខាងលើ​សម្រាប់​ចុចត្រឡប់​ទៅ​ត្រឡប់​មក។ បើ​ចង់​ត្រឡប់​ក្រោយ​ម្ដង​ទាំង​អស់​ចុច​លើ​ប៊ូតុង​ខាង​ស្ដាំ។ លក្ខណៈ​សម្បត្តិ

អាច​ភ្ជាប់ Bluetooth ជាមួយ​ស្មាតហ្វូន Android និង iOS បាន អាច​ខល​ចេញ​ខល​ចូល​បាន អាច​រក្សា​ទុក​លេខ Contact និង Copy ទុក​បាន​​ជាង ១០០០ លេខ មាន MP3, វិទ្យ FM, កន្លែង​ថត​សំឡេង​ពេល​និយាយ និង Voice recorder ទៀត​ផង សាក​ភ្លើង​ជាមួយ​ខ្សែ USB 3.0 អាច​ដាក់​មេម៉ូរីកាត​បាន​ទំហំ 32GB មាន​រន្ធ​ដាក់​ស៊ីម​ប្រភេទ Micro-SIM មាន​រន្ធ​ដោត​កាស​ប្រវែង ៣.៥ មីលីម៉ែត្រ ពណ៌​ប្រាក់ មាស និង​ពណ៌​ខ្មៅ ទម្ងន់ ៣០ ក្រាម​ប្រហែល ៣ ខាំ(រង្វាស់​ខ្នាត​ទម្ងន់​របស់​ខ្មែរ) ថាមពល​ថ្ម​ទំហំ ២៨០ មីលីអំពែម៉ោង​ប្រភេទ Li-Polymerកាន់​បាន ២ ថ្ងៃ(ប្រើ​ធម្មតា) បើ​និយាយ​ជាប់​រហូត​បាន ៣ ម៉ោង។ ទស្សនាវីដេអូខាងក្រោមនេះ

https://youtu.be/0BIR8Tf1M3s

អត្ថបទ៖ រក្សា

ទោះ​ត្រូវ​ចំណាយ​ខ្ពស់ កម្ពុជា​ត្រូវ​តែ​អភិវឌ្ឍ​ផ្កាយ​រណប​ឲ្យ​ខាន​តែ​បាន​

គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​​ផ្កាយ​រណប​​របស់ប្រទេស​​កម្ពុជា​បាន​ចាប់ផ្តើម​លេច​ចេញ​ពន្លឺ ដែល​គម្រោង​នេះ​ត្រូវ​ការ​ចំណាយ​ខ្ពស់។ ទោះបី​ត្រូវ​រ៉ាប់...